Swift cc time

កម្ពុជាជំរុញឱ្យអាស៊ានគាំទ្រឱ្យ«ជនស៊ីវិលកម្ពុជា»បានវិលទៅផ្ទះសម្បែងវិញ ក្រោយថៃចូលឈ្លានពាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានគាំទ្រឱ្យជនស៊ីវិលកម្ពុជា បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរារាំងពីក្រុមយោធាថៃចូលឈ្លានពាន។ ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នយ៍គ្មានអាវុធនុយក្លេអ៊ែ ធ្វើឡើងនៅប្រទេសហ្វីលីពីន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។

លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា ជនស៊ីវិលច្រើនជាង ២០.០០០នាក់ បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។

ដោយឡែក ក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាដែលជាផលប្រយោជន៍រួម។ លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការគាំទ្រប្រកបដោយស្ថាបនា និងតួនាទីរបស់ហ្វីលីពីន ក្នុងការចូលរួមសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងនាមជាប្រធានអាស៊ាន៕


Khcct banner

អត្ថបទទាក់ទង