កំពង់ឆ្នាំង៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី២១ ខែកក្កដា បន្តចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសមាគមបណ្តាញកសិករតេជោ ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងកសិករ បច្ចេកទេស ហិរញ្ញប្បទាន និងទីផ្សារ និងណែនាំឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសបណ្ឌិត កៅ ថាច និងសហការី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ ៣០០នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ។
បណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការធ្វើកសិកម្មមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែទាមទារឱ្យមានការខិតខំប្រឹងប្រែង ការគ្រប់គ្រងថ្លៃដើម ការអនុវត្តតាមបច្ចេកទេស និងការគិតគូរពីទីផ្សារជាមុន ដើម្បីធានាថាការផលិតទទួលបានប្រាក់ចំណេញ និងអាចលើកកម្ពស់ជីវភាពគ្រួសារបានប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យកសិករផលិតដោយមានការទទួលខុសត្រូវ និងស្មោះត្រង់ ដោយមិនត្រូវប្រើប្រាស់សារធាតុគីមី ឬបាញ់ថ្នាំជំរុញឱ្យដំណាំឆាប់ទុំ ដែលអាចប៉ះពាល់ដល់គុណភាពសុវត្ថិភាពចំណីអាហារ និងកេរ្តិ៍ឈ្មោះកសិផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ដូច្នោះ ប្រជាកសិករត្រូវតាមដានការព្យាករណ៍អាកាសធាតុដែលចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយមជាប្រចាំ ព្រមទាំងត្រៀមប្រភពទឹក និងបូមទឹកបញ្ចូលស្រែឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតដំណាំដែលអាចកើតមានឡើង ដោយសារគ្រោះរាំងស្ងួតនិងការប្រែប្រួលអាកាសធាតុ៕