ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់ ចំនួន ៩៣២នាក់ (ស្រី ១៤៧នាក់) មាន ២៣សញ្ជាតិ ចេញពីកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ការបណ្ដេញចេញនេះ អនុវត្តតាមអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់តាំងឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញនូវក្រុមជនបរទេសទាំងនោះជាបន្តបន្ទាប់។
អាជ្ញាធរ បានឱ្យដឹងថា ជនបរទេសទាំង ២៣សញ្ជាតិ រួមមាន៖ ចិន, អ៊ូហ្គង់ដា, បង់ក្លាដេស, ប៉ាគីស្ថាន, ថៃ, ចិនតៃវ៉ាន់, នេប៉ាល់, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ឥណ្ឌា, មីយ៉ាន់ម៉ា, កូរ៉េ, វៀតណាម, នីហ្សេរីយ៉ា, ជប៉ុន, ឡាវ, អង់គ្លេស, លីប៊េរីយ៉ា, រុស្ស៊ី, ស្រីលង្កា, សិង្ហបុរី, នូវែលហ្សេឡង់ និងអ៊ូស្បេគីស្ថាន។ ក្នុងនោះ មានករណីពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន៖ ជនជាតិចិន១៦២នាក់ (ស្រី ០២នាក់) ត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជនជាតិវៀតណាម១៩នាក់ (ស្រី ០៨នាក់) ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី (ខេត្តព្រៃវែង) និងជនជាតិថៃ១៧នាក់ (ស្រី ០៨នាក់) ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង)។
ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ ការលួចឆ្លងដែន, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិទទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត៕