ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្មីៗនេះរបស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលបានអះអាងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តក្នុងការដំណើរការយន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាព្រំដែនគោក។
ជាការឆ្លើយតប ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការអះអាងនេះ មិនមែនជាការពិតទាល់តែសោះ ដោយបញ្ជាក់ថា បញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោក ត្រូវបានគ្រប់គ្រងដោយ ក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និង យន្តការទ្វេភាគីផ្សេងគ្នា។ កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹង បញ្ហាព្រំដែនសមុទ្រតែមួយគត់។
ក្រសួងការបរទេសបានរម្លឹកថា UNCLOS គឺជា មធ្យោបាយសន្តិវិធី ដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ ហើយការប្រើប្រាស់នីតិសមុទ្រនេះគួរតែត្រូវបានចាត់ទុកថាជា ការធានានូវទំនុកចិត្ត ជាជាងការបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយ។ ជម្រើសដោះស្រាយនេះមិនអាចចាត់ទុកជាមូលដ្ឋានសមស្រប សម្រាប់ផ្អាកការងារកំណត់ខណ្ឌសីមាព្រំដែនគោក តាមរយៈគណកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលបានព្រមព្រៀងគ្នារួចហើយក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីក្នុងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងរម្លឹកផងដែរថា ប្រទេសថៃផ្ទាល់ បានដកខ្លួនជាឯកតោភាគី ចេញពីការចរចាទ្វេភាគីលើបញ្ហាសមុទ្រ ទោះបីកម្ពុជាបានស្នើសុំដោយផ្ទាល់មិនឲ្យធ្វើដូច្នេះក៏ដោយ។
ជាថ្មីម្តងទៀត កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនា ហើយវិលត្រឡប់មកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ។ ក្រសួងបានបញ្ជាក់ថា គ្មានហេតុផលអ្វីទាំងអស់ ទាំងផ្នែកច្បាប់ និងការអនុវត្តជាក់ស្តែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តការងារ ស្របគ្នានឹងដំណើរការក្រោម UNCLOS នោះទេ។
ការអំពាវនាវនេះក៏ត្រូវបានលើកឡើងផងដែរនៅក្រៅតំបន់ ដោយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សភានៃប្រទេសនិយាយភាសាបារាំង បានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងអំពាវនាវឱ្យបន្តដំណើរការខណ្ឌសីមាព្រំដែន។
សហគមន៍អន្តរជាតិរំពឹងថា ប្រទេសថៃនឹង គោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាម អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានទទួលស្គាល់ក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។
ក្រសួងបានសង្កត់ធ្ងន់ថា ការពន្យារពេលដំណើរការខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះ គឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕