Swift cc time

៦ខែដើមឆ្នាំ២០២៦ កម្ពុជាឃាត់«ស្ត្រីខ្មែរ»ជិត២០០នាក់ ក្រោយសង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានផ្អាកដំណើរការស្រ្តីខ្មែរចំនួន ១៩៨នាក់។ ការឃាត់ដំណើរនេះ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។

ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញប្រជាពលរដ្ឋខ្មែរគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដើម្បីភាពមានបាន ឬអូសទាញទៅធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់នៅបរទេសជាដើម។

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស៕

Khcct banner

អត្ថបទទាក់ទង