Swift cc time

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យយុវវ័យបន្តមរតកនៃការគិតគូរហ្មត់ចត់ពីដូនតានិងរៀមច្បង មុននឹងសម្រេចចិត្តសរសេរ ឬចែករំលែកព័ត៌មាន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាត់ដំបង៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំយ៉ាងទទូចដល់យុវជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងសម្រេចចិត្តចែកចាយព័ត៌មាន។ នៅក្នុងឱកាសនោះ លោកបានលើកឡើងថា«រាល់ការសម្រេចចិត្តនិពន្ធ សរសេរ ឬធ្វើអ្វីមួយ ដូនតានិងរៀមច្បងរបស់យើងតែងតែមានការគិតគូរយ៉ាងល្អិតល្អន់បំផុត ដូចនេះ យុវជនជំនាន់ក្រោយគប្បីបន្តវប្បធម៌នៃការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយនេះ មុននឹងសរសេរ ឬចែករំលែកព័ត៌មានលើបណ្តាញសង្គម»។

ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង នៅវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ទេព ហន អភិបាលរងខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត, តំណាងមន្ទីរអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ១,០០០ នាក់។

ក្នុងជំនួបជាមួយសិស្សានុសិស្សវិទ្យាល័យ នេត យ៉ង់ លោក ទេព អស្នារិទ្ធ បានរំលឹកដល់យុវជនឱ្យបន្តមរតកនៃការគិតគូរវែងឆ្ងាយពីដូនតានិងរៀមច្បង មុននឹងបញ្ចេញមតិ ឬចែករំលែកព័ត៌មានលើបណ្តាញសង្គម។ លោកបានសង្កត់ធ្ងន់ថា គំរូដ៏ល្អរបស់ឥស្សរជន និងកវីនិពន្ធល្បីៗ គឺរាល់ការសរសេរនិងការនិយាយ តែងឆ្លុះបញ្ចាំងពីការពិត គុណធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់សង្គមជាតិ ដូច្នេះយុវជនគប្បីយកចិត្តទុកដាក់ និងអនុវត្តតាមវប្បធម៌ពិចារណាគ្រប់ជ្រុងជ្រោយនេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មុននឹងកវីនិពន្ធជាន់ដើម ឬបុព្វបុរសរបស់យើងសម្រេចចិត្តដាក់ប៊ិចចុះសរសេរពាក្យពេចន៍នីមួយៗ ទៅក្នុងស្នាដៃអក្សរសិល្ប៍ អក្សរសាស្ត្រ ឬប្រឡោមលោក គឺសុទ្ធតែបានឆ្លងកាត់ការត្រិះរិះពិចារណាយ៉ាងម៉ត់ចត់ និងល្អិតល្អន់បំផុត។ ពួកគាត់បានចំណាយពេលស្រាវជ្រាវឯកសារយ៉ាងច្រើន ចំណាយពេលរាប់ខែរាប់ឆ្នាំ ដើម្បីសម្រិតសម្រាំងពាក្យពេចន៍ឱ្យមានតម្លៃបំផុត សម្រាប់បន្សល់ទុកជាមរតកដល់យុវជនជំនាន់ក្រោយ។ នេះស្តែងឱ្យឃើញថា យើងមានវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ពីដូនតានិងរៀមច្បង ដែលបានបន្សល់ទុកនូវមរតកនៃការគិតគូរ និងពិចារណាគ្រប់ជ្រុងជ្រោយ មុននឹងយើងសរសេរ ឬនិយាយអ្វីមួយ»៕

Khcct banner

អត្ថបទទាក់ទង