ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦(FIFA World Cup 2026) វគ្គប្រកួតដណ្តើមលេខ៣-៤ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសបារាំង និងប្រទេសអង់គ្លេស និងវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេស អេស្ប៉ាញ និងប្រទេសអាហ្សង់ នៅតាមទីតាំង ចំនួន៣។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទាំងពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
ដើម្បីបង្កើនភាពសប្បាយរីករាយ និងបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា រដ្ឋបាលរាជធានី នឹងរៀបចំផ្សាយបន្តផ្ទាល់វគ្គប្រកួតដណ្តើមលេខ៣-៤ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសបារាំង និងប្រទេសអង់គ្លេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤:០០ទាបភ្លឺ និងវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់ជម្រើសជាតិប្រទេស អេស្ប៉ាញ និងប្រទេសអាហ្សង់ទីន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ទាបភ្លឺ នៅតាមទីតាំង ចំនួន៣ រួមមាន៖ សួនច្បារមាត់ទន្លេ (ផ្លូវថ្មើរជើងចតុមុខ) ក្បែររូបសំណាកតេជោមាសតេជោយ៉ត, សួនច្បារមុខវត្តបទុមវតី និងសួនច្បារកោះនរា៕