ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ប្រទេសកម្ពុជាមិនបានរកឃើញករណីជំងឺគ្រុនចាញ់ឆ្លងថ្មី ក្នុងស្រុកទេ បានន័យថាគ្រុន ចាញ់បានថយចុះ ១០០% និងពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ បច្ចុប្បន្ននេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។
កន្លងមក កម្ពុជាអាចនៅប្រឈមហានិភ័យ ចំពោះការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេសផ្សេងទៀត ដែលកំពុងមានការចម្លងជំងឺគ្រុនចាញ់ តាមរយៈការធ្វើដំណើរផ្លាស់ទីរបស់ប្រជាជនប្រឈមចូលមកប្រទេសកម្ពុជា រួមទាំងគ្រុនចាញ់នាំចូលតាមរយៈសត្វស្វា។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ប្រទេសកម្ពុជាមិនបានរកឃើញករណីជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងស្រុកទេ បានន័យថាគ្រុន ចាញ់បានថយចុះ ១០០% និងពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ បច្ចុប្បន្ននេះ។
បើតាមប្រភពដដែល សមិទ្ធផលនេះ បានមកពីប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រក្នុងការរុករក ការព្យាបាល ការបង្ការ ការតាមដាន និងការធ្វើអន្តរាគមន៍លើករណីជំងឺគ្រុនចាញ់បានឆាប់ និងទាន់ពេលវេលា ដែលដឹកនាំអនុវត្តដោយក្រសួងសុខាភិបាល រួមជាមួយអ្នកពាក់ព័ន្ធមានដូចជា អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងក្រសួង ស្ថាប័ននានា អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងសហគមន៍ទូទាំងប្រទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ទន្ធឹមនឹងនេះ ប្រទេសកម្ពុជាកំពុងដំណើរការប្រព្រឹត្តទៅយ៉ាងសកម្មដ៏មានប្រសិទ្ធភាពក្នុងការតាមដាន និងរុករកករណីជំងឺគ្រុនចាញ់ តាមរយៈប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា ២៤ម៉ោង (real-time) មាននៅគ្រប់ បណ្តាភូមិសាស្ត្រ ក្នុងសហគមន៍ជាអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងបណ្តាញសេវាសុខាភិបាល សាធារណៈ ជាប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីឈានទៅការឆ្លើយតបរហ័ស ២៤ម៉ោង និងការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់បានទាន់ពេលវេលា។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល «ទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ» ដើម្បីឈានទៅទទួលវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០៣០ ពីអង្គការសុខភាពពិភពលោក៕