Swift cc time

កម្ពុជា ឱ្យថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ រាយបន្លាលួស ក្នុងទឹកដីកម្ពុជា និងតំបន់មិនទាន់ដាច់ស្រេច ហើយសង្កត់ធ្ងន់ពីការងារវាស់វែងនិងខ័ណ្ឌសីមាJBC ឱ្យបានឆាប់បំផុត

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តរមានជ័យ៖ ក្នុងជំនួបរវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នាថ្ងៃទី១៥កក្កដានៅច្រកអន្តរជាតិជាំ-សាង៊ាំ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងទឹកដីកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។

ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។ បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី។

គួរបញ្ជាក់ថា ជំនួបក្រៅផ្លូវការរវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ធ្វើឡើងដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធី និងបានទាន់ពេលវេលា សំដៅបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន៕

Khcct banner

អត្ថបទទាក់ទង