ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដានេះ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា។
ប្រតិបត្តិការនេះ ដោយអនុវត្តតាមអនុសាសន៍របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១២,១៣ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០២ករណី។
ក្នុងនោះ រួមមានករណីទី០១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ព្រួតគ្នាយកដុំថ្ម គប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងការខូចខាតម៉ូតូចំនួន០១គ្រឿង)នៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន២២នាក់។ ចំណែក ករណីទី០២ ៖ ហិង្សាដោយចេតនា(យកមួកសុវត្ថិភាពពណ៌ខៀវគប់ ទៅលើជនរងគ្រោះត្រូវចំខ្នង) នៅចំណុចហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ក្រុមក្មេងទំនើងឈ្មោះ កោះប្រាក់ (KB))។ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ០២នាក់។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕