Swift cc time

ក្រសួងអប់រំ ប្រាប់ពីវិធីបង្ការ«ជំងឺគ្រុនឈាម» កាត់បន្ថយ និងទប់ស្កាត់ការបង្កកំណើតសត្វមូសនៅតាមគ្រឹះស្ថានសិក្សា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៤ កក្កដា បានចេញសេចក្តីប្រកាសពីវិធានការបង្ការជំងឺគ្រុនឈាម និងការកាត់បន្ថយ និងទប់ស្កាត់ការ បង្កកំណើតសត្វមូសនៅតាមគ្រឹះស្ថានសិក្សា តាមរយៈសម្ភារៈ អនាម័យ រួមទាំងការសហការពីអ្នកពាក់ព័ន្ធ។

បើតាមវិធានការរបស់ក្រសួង រួមមាន៖ ត្រូវលុបបំបាត់ជម្រកដង្កូវទឹក ថ្លុកទឹក ឬសម្ភារៈដែលដក់ទឹក និងទីជម្រកមូសនៅក្នុងបរិវេណ និង ជុំវិញបរិវេណគ្រឹះស្ថានសិក្សា។ ត្រូវលាងសម្អាតសម្ភារៈដែលដក់ទឹក ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុ ក្រឡ ធុង ខាប់ ជាដើម ដើម្បីផ្លាស់ប្តូរលាងសម្អាតជាប្រចាំ ឱ្យបានយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ឬត្រូវគ្របគម្របឱ្យ ជិតល្អ។ កាប់ឆ្ការសម្អាតស្មៅស៊ុបទ្រុប ក្នុងបរិវេណ និងនៅជុំវិញសាលារៀន ឱ្យបានស្អាត។ ស្លៀកខោជើងវែង អាវដៃវែង និងស្រោមជើង ដើម្បីគ្របដណ្តប់រាងកាយឱ្យជិត (សម្លៀកបំពាក់ គួរមានពណ៌ភ្លឺ)។

បន្ថែមពីនេះ បើកទ្វារបង្អួចឱ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ទ្វារនិងបង្អួច គួរមានសំណាញ់បើអាច។ ត្រូវប្រើថ្នាំបាញ់ ឬលាប កុំឱ្យមូសមកជិត។ ត្រូវសហការជាមួយបណ្តាញសុខាភិបាលតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌នៅកន្លែងដែលអាចចិញ្ចឹមបាន។ ត្រូវមានទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធទាំងអស់ នៅតាមមូលដ្ឋានគ្រឹះស្ថានសិក្សាក្នុងការអនុវត្ត វិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួន។

ប្រសិនមានរោគសញ្ញាគ្រុនក្តៅខ្លាំងភ្លាមៗចាប់៣៩ទៅ៤០អង្សារ សូមទៅពិគ្រោះយោបល់ និងពិនិត្យ ព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត និងសូមទូរសព្ទមកលេខ ១១៥។ ក្នុងករណីមានជំងឺរាតត្បាត ឬហានិភ័យសុខភាពក្នុងរដូវភ្លៀងនេះ សូមធ្វើការរាយការណ៍តាមរយៈ បុគ្គលិកសុខាភិបាលនៅជិតបំផុត ឬសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយ និងសង្គ្រោះជាបន្ទាន់៕

Khcct banner

អត្ថបទទាក់ទង