Swift cc time

ស.ស.យ.ក ទទួលស្គាល់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ បង្កើតឡើងក្រោមស្មារតី«កីឡា មិត្តភាព សប្បុរសធម៌»

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅថ្ងៃទី១៤ ខែកក្ដដា បានប្រកាសទទួលស្គាល់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ (UYFC All STAR) បង្កើតឡើងក្រោមស្មារតី «កីឡា មិត្តភាព សប្បុរសធម៌»។ ពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរកីឡា និងក្រុមបាល់ទាត់ជាច្រើន នៅអគារ The Kampus។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ដោយផ្អែកលើការរីកចម្រើននៃសកម្មភាពក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ (UYFC All STAR) ដែលត្រូវបានសម្រេចបង្កើតឡើងជាផ្លូវការជាជំហានៗរហូតដល់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ចំពោះសមាសភាពសមាជិកគឺមានសរុប ៨៧រូបដែលមកពីគ្រប់មជ្ឈដ្ឋានរួមមានថ្នាក់ដឹកនាំ និងសមាជិកសកម្មរបស់ ស.ស.យ.ក មន្ត្រីរាជការ ពាណិជ្ជករ សិល្បករ កីឡាករអាជីព អតីតកីឡាករអាជីព និងកីឡាករមកពីក្រុមផ្សេងៗផងដែរ។

ម្យ៉ាងទៀត ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ (UYFC All STAR) ត្រូវបង្កើតឡើងក្រោមស្មារតី «កីឡា មិត្តភាព សប្បុរសធម៌»។ កន្លងមក ស.ស.យ.ក បានបង្កើតពានរង្វាន់បាល់ទាត់ និងសកម្មភាពជំរុញលើកស្ទួយវិស័យកីឡាបាល់ទាត់ជាច្រើនរួចមកហើយ ពិសេសការបំផុសសា្មរតីសាមគ្គីភាព និងចូលរួមលើកិច្ចការសប្បុរធម៌នានា។ បន្តទៅមុខទៀតក្រុមបាល់ទាត់នេះ នឹងមានរៀបចំការប្រកួតជាច្រើនទៀតជាមួយបណ្ដាក្រុមបាល់ទាត់ផ្សេងៗ ដើម្បីរឹតចំណងមិត្តភាព និងការងារសប្បុរធម៌៕ 


Khcct banner

អត្ថបទទាក់ទង