Swift cc time

ទស្សនកិច្ចប្រធានាធិបតីបារាំងលោក ម៉ាក្រុង មកកម្ពុជានាចុងឆ្នាំនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង

ភ្នំពេញ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។នេះគឺជាដំណើរទស្សនកិច្ច ៦០ ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ ឆាល ដឺហ្គោល និងជាង ៣០ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់។កម្ពុជាចាត់ទុកទស្សនកិច្ចប្រធានាធិបតីបារាំងលោក ម៉ាក្រុង មកកម្ពុជានាចុងឆ្នាំនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង។

"មិត្តភាពរវាងកម្ពុជា និងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និង ឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា"។នេះជាការលើកឡើងរបស់ លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា ក្នុងឱកាសទិវាបុណ្យជាតិបារាំង កាលពីយប់ថ្ងៃទី១៤ ខែកក្កដាម្សិលមិញ។លោកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និង កិច្ចសហប្រតិបត្តិការដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់។

ចំពោះផែនការ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុង មកកម្ពុជា លោក ប្រាក់ សុខុន ចាត់ទុកថា ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង និងផ្តល់សន្ទុះដ៏សំខាន់ដល់មហិច្ឆតារួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។

បើតាមលោក ប្រាក់ សុខុន បច្ចុប្បន្ន ភាពជាដៃគូរវាងកម្ពុជា និងបារាំង បានគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមានវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការពារជាតិ អប់រំ វប្បធម៌ឬការអភិរក្សបេតិកភណ្ឌ។ ប្រទេសបារាំងនៅតែជាដៃគូនាំមុខ ដែលគាំទ្រជាបន្ដបន្ទាប់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ចំណែកលោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី ម៉ាក្រុង និងសម្ដេច ហ៊ុន ម៉ាណែត មានបំណងជម្រុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែឈានទៅមុខបន្ថែមទៀត ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបានថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី គឺជាសញ្ញានៃការវិវត្តន៍ ជាពេលវេលាប្រមូលផ្ដុំសក្ដានុពលមានស្រាប់ និងបង្កើតសក្ដានុពលថ្មីៗបន្ថែមទៀត។

បើតាម លោក Olivier RICHARD គ្រប់វិស័យទាំងអស់ត្រូវបានរួមបញ្ចូលតាមរយៈការងារដែលកម្ពុជា និងបារាំងកំពុងអនុវត្ត ក្នុងន័យនេះ ភាសាបារាំង ការអប់រំកម្រិតឧត្តមសិក្សា ការស្រាវជ្រាវ ការវិនិយោគ ជំនួយអភិវឌ្ឍន៍ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ការការពារជាតិ បេតិកភណ្ឌ ទម្រង់សិល្បៈសម័យទំនើប។ សព្វថ្ងៃនេះ វិស័យទាំងនេះមានតំណាងចូលរួម ទាំងភាគីកម្ពុជា និងភាគីបារាំង៕

Khcct banner

អត្ថបទទាក់ទង