ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា នឹងចូលរួមអមដំណើរសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងនោះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងសម្របសម្រួលដឹកនាំគណៈប្រតិភូវិនិយោគិនចិនចំនួន ៦ ក្រុមហ៊ុន ជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងស្វែងរក កាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកការវិនិយោគនៅកម្ពុជា។
បើតាមសមាគមឧកញ៉ាកម្ពុជា ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេច ហ៊ុន ម៉ាណែត, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធាននិងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា។ គណៈប្រតិភូនេះរួមមាន អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, ឧកញ៉ា កង លាប និង លោក ម៉ សុទ្ធីវឌ្ឍ ដើម្បីអមដំណើរសម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណ រដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ គណៈប្រតិភូក៏នឹងចូលរួមពិធីបើក សន្និសីទស្ដីពីបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគត កាន់តែត្រចះត្រចង់» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏នឹងសម្របសម្រួលដឹកនាំគណៈប្រតិភូវិនិយោគិនមកពី សាធារណរដ្ឋប្រជាមានិតចិនចំនួន ៦ក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងស្វែងរក កាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកការវិនិយោគនៅកម្ពុជា។
សមាគមឧកញ៉ាកម្ពុជាបានបញ្ជាក់ថា ដំណើរចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នាពេលនេះ នឹងឆ្លុះបញ្ចាំងពីការបន្តគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទូតសេដ្ឋកិច្ច ទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងពង្រឹងភាពជាដៃគូរវាង វិស័យឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ៕