Swift cc time

ទូតជប៉ុន ប្រកាសបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃដោយសន្តិវិធី និងត្រៀមខ្លួនជួយឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលត្រឡប់មកភាពប្រក្រតីវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក អឹអិណុ អាត្សឹស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងចំពោះមុខលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ពីការបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃដោយសន្តិវិធី និងត្រៀមខ្លួនជួយឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលត្រឡប់មកភាពប្រក្រតីវិញ។

ក្នុងឱកាសដែរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក អឹអិណុ អាត្សឹស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង បន្ទាប់ពីលោក អឹអិណុ បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែករបស់ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗជាច្រើន រួមមាន នយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងអប់រំ ក៏ដូចជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់ជប៉ុនដល់ជនភៀសសឹកកម្ពុជានៅតាមបណ្ដោយព្រំដែន។

លោក UENO បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុននឹងបន្តតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយយកចិត្តទុកដាក់ ហើយបានសម្តែងឆន្ទៈ និងការត្រៀមខ្លួនជាស្រេច ក្នុងការបន្តគាំទ្រដល់កិច្ចប្រឹងប្រែងដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី និងការធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលត្រឡប់មកភាពប្រក្រតីវិញ៕

Khcct banner

អត្ថបទទាក់ទង