ភ្នំពេញ៖ លោក ប្រាក់ សំអឿន ត្រូវបានសមាជិករដ្ឋសភាកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ជា«ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស។ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដោយមានសមាជិកសភាចំនួន ១០៨រូបបោះឆ្នោតគាំទ្រ និង២រូបទៀតអនុបវាទ។
គួរបញ្ជាក់ថា មុនក្លាយជា«ទេសរដ្ឋមន្ត្រី» លោក ប្រាក់ សំអឿន គឺជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។លោកធ្លាប់ជាមន្ត្រីជាន់ខ្ពស់ និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ដោយបច្ចុប្បន្នលោកទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីក្នុងកិច្ចការទំនាក់ទំនងជាមួយសង្គមស៊ីវិល និង រដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រៅពីផ្តល់សេចក្តីទុកចិត្តលើ លោក ប្រាក់ សំអឿន រដ្ឋសភាកម្ពុជាក៏បានប្រជុំពិនិត្យពិភាក្សា៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃ អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃ ឧបករណ៍អាកាសយាន។
ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕