ភ្នំពេញ៖ ក្រុមគ្រួសារជនជាតិជប៉ុនមួយគ្រួសារ បានសម្រេចប្រគល់ដីទំហំជាង ៣ហិកតា ជូនរដ្ឋបាលរាជធានីភ្នំពេញ ហើយបច្ចុប្បន្នអាជ្ញាធរបានកំពុងពិនិត្យរៀបចំ ដាំដើឈើបន្ថែមលើដីនេះ ដើម្បីរៀបចំជាសួនសាធារណៈ អាចឱ្យប្រជាពលរដ្ឋដើរលំហែកម្សាន្ត និង ហាត់ប្រាណបាន ដើម្បីលើកកំពស់សុខុមាលភាពប្រជាពលរដ្ឋ។
ដីនេះ មានទីតាំងនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលអាជ្ញាធរទទួលបានពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន ហើយមូលហេតុដែលប្រគល់ដីជូនអាជ្ញាធរ គឺដោយសារការស្រឡាញ់កម្ពុជា និងចង់ឲ្យមានសួនច្បារ ដែលអ្នកនៅទីក្រុងអាចមកលេងបាន។
ក្នុងដំណើរចុះពិនិត្យកាលពីម្សិលមិញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ការរៀបចំសួនសាធារណៈនេះនឹងលេញចេញជារូបរាងឆាប់ៗ ហើយលោកបានណែនាំឱ្យកែលម្អ ទាំងការដាំដើមឈើបន្ថែម និង កែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
បើតាមលោក ឃួង ស្រេង ទីតាំងខាងលើនេះត្រូវរៀបចំឱ្យបានស្អាត ដោយដើមឈើខ្លះ ត្រូវជ្រើសរើសដាំបន្ថែម ព្រមទាំងកែលម្អបន្ទប់ទឹកឡើងវិញ។ចំពោះប្រឡាយទឹកមានស្រាប់ត្រូវ លែងត្រីគល់រាំង ត្រីរាជ និង ត្រីមួយចំនួនទៀត។បន្ថែមពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗស្រាប់ ត្រូវចាក់ជាផ្លូវបេតុងទទឹង ៨ម៉ែត្រ។ គម្រោងនេះអាចនឹងរួចរាល់ នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ក្រោយកែលម្អឡើងវិញរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹង សម្ពោធដាក់ជូនប្រជាពលរដ្ឋបានចូលមកដើរលេងកំសាន្ត និង ហាត់ប្រាណ ដើម្បីសុខភាព៕