បាងកក៖ តាមព័ត៌មានចុងក្រោយ ក្នុងចំណោមជនរងគ្រោះទាំង ២៧នាក់ ពីគ្រោះអគ្គិភ័យឆេះបារ ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃអាទិត្យ មានមន្ត្រីនគរបាលពីររូបមកពីសន្តិសុខផ្ទៃក្នុងថៃ ត្រូវបានគេបញ្ជាក់ថាបានបាត់បង់ជីវិត។ ជនរងគ្រោះទាំងពីររូបត្រូវបានគេស្គាល់អត្តសញ្ញាណថាជា មន្ត្រីនគរបាលមានឈ្មោះ Sitthichok Boontharak និង Premmika Onsi បម្រើការនៅក្នុងអង្គភាពជាមួយគ្នា។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត មុនពេលរកឃើញសព ក្រុមគ្រួសារ និងមិត្តរួមការងាររបស់មន្ត្រីនគរបាលស្រីរូបនេះ បានបង្ហោះសារស្វែងរក និងអំពាវនាវសុំព័ត៌មានយ៉ាងព្រួយបារម្ភ បន្ទាប់ពីបានបាត់បង់ការទាក់ទងជាមួយនាងភ្លាមៗក្នុងពេលកើតហេតុ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយគេឃើញមានផ្សែងហុយចេញពីប្រអប់ហ្វុយស៊ីបអគ្គិសនី (Circuit Breaker) នៅក្បែរឆាកតន្ត្រី បន្ទាប់មកស្រាប់តែដាច់ចរន្តអគ្គិសនី រួចក៏មានការផ្ទុះមួយយ៉ាងខ្លាំង បណ្តាលឱ្យភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ក្រឡុកដណ្តប់ពេញហាងទាំងមូលយ៉ាងលឿន។
គ្រោះអគ្គិភ័យនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦៣នាក់ផ្សេងទៀតរងរបួស ដោយក្នុងនោះមាន ២២នាក់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅឡើយ។ ជនរងគ្រោះភាគច្រើនដែលបានស្លាប់ គឺដោយសារតែការថប់ដង្ហើម និងឈ្លក់ផ្សែង ដោយសារតែពួកគេបានរត់ទៅពួននៅក្នុងបន្ទប់ទឹកនៅផ្នែកខាងក្រោយនៃហាង ប៉ុន្តែជាអកុសលនៅផ្នែកនោះមិនមានទ្វារច្រកចេញអាសន្ន។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ចាន់វីរៈគុល ក៏ទើបចេញសារបន្ទាន់បើកការស៊ើបអង្កេតលើករណីនេះ៕