
ភ្នំពេញ៖ យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការផលិត និងអនុគណៈកម្មការភាពយន្តរឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទបូរមី”។ នេះបើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាស ចំពោះគណៈកម្មការផលិតភាពយន្តត្រូវទទួលភារកិច្ចដូចជា ត្រូវផលិតភាពយន្តឱ្យបានល្អត្រឹមត្រូវតាមសាច់រឿងជាក់ស្តែងតាមកាលៈទេសៈ និងដំណាក់កាលនីមួយៗប្រកបដោយគុណភាព និងត្រូវទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ និងជំនាញទាំងអស់ដើម្បីផលិតភាពយន្តនេះឱ្យមានភាពល្អប្រសើតប្រកបដោយគុណតម្លៃ និងត្រូវមើលការខុសត្រូវផ្សេងៗទៀតដើម្បីឱ្យភាពយន្តមានដំណើរការនិងគុណភាពល្អ។
សេចក្តីប្រកាសបន្តថា រីឯអនុកម្មការផលិតភាពយន្តរឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទបូរមី” ត្រូវបានបែងចែកជា៥ផ្នែកមានដូចជា ទី១គឺការបង្កើតអនុគណៈកម្មការចាត់ការទូទៅដែលមានការចូលរួមពីប្រធានការិយាល័យនៃនាយកដ្ឋានភាពយន្ត អនុប្រធានការិយាល័យនៃនាយកដ្ឋានភាពយន្ត និងភាគីពាក់ព័ន្ធ ដែលមានភារកិច្ចចាត់ចែង និងសម្របសម្រួលរាល់តម្រូវការក្នុងការផលិតភាពយន្តភាគនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី២ ការង្កើតអនុគណៈកម្មការនិពន្ធ ដឹកនាំរឿង និងគ្រប់គ្រងតួសម្លែង ដែលមានភារកិច្ចស្រាវជ្រាវរៀបចំនិពន្ធ ដឹកនាំការសម្តែង និងគ្រប់គ្រងតួសម្តែងស្របតាមគោលការណ៍បច្ចេកទេស។ ទី៣ ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសម្ភារផលិតរឿង ដែលមានភារកិច្ចផ្គត់ផ្គង់ គ្រប់គ្រង និងថែរក្សារាល់សម្ភារបច្ចេកទេសទាំងអស់ដែលបម្រើឱ្យការផលិតភាពយន្តនេះ។
ទី៤ ការបង្កើតអនុគណៈកម្មការបច្ចេកទេសថត កាត់តដំឡើងរូបភាព និងសំឡេង ដែលមានភារកិច្ចរៀបចំការថត កាត់តរូបភាព ដំឡើងរូបភាព និងសំឡេង ហើយបឲចងក្រងវាទៅជាភាពយន្តសម្រេច។ ទី៥ ការបង្កើតអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដែលមានភារកិច្ចរៀបចំចាត់ចែង និងផ្គត់ផ្គង់រាល់ការចំណាយទាំងអស់ក្នុងការផលិតភាពយន្តនេះ ចាប់ពីពេលរៀបចំផលិតរហូតត្រូវបានបញ្ចប់ជាស្ថាពរ។ រាល់ការចំណាយទាំងអស់ត្រូបមានឯកភាពពីប្រធានគណៈកម្មការ៕


