Img 1426
Swift cc time

សម្ដេច ម៉ែន សំអន៖ ដំណើរសង្គ្រោះជាតិរបស់ថ្នាក់ដឹកនាំជំនាន់មុន មិនមែនដើម្បីតំណែង ឋានៈ ឬអំណាចឡើយ ប៉ុន្តែដើម្បី សន្តិភាព និង ប្រជាជន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖រាល់ដំណើរដែលថ្នាក់ដឹកនាំ និងយុទ្ធមិត្តជំនាន់មុនបានឆ្លងកាត់ក្នុងបុព្វហេតុសង្គ្រោះជាតិ មិនធ្លាប់ចាប់ផ្ដើមចេញពីបំណងប្រាថ្នាចង់បានតំណែង ឋានៈ ឬអំណាចនោះឡើយ។នេះគឺជាការលើកឡើងរបស់សម្ដេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសនៃបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន ៧ មករា។

សម្ដេច ម៉ែន សំអន បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈប្រទេសជាតិ និងប្រជាជន កំពុងស្ថិតក្នុងគ្រាដ៏លំបាក អ្វីដែលសម្ដេចផ្ទាល់ប្រាថ្នាធំបំផុត គឺការនាំយកសុខសន្តិភាពមកជូនប្រទេសជាតិ និងប្រជាជន។ សម្រាប់អ្នកជំនាន់នោះ សុខសន្តិភាពមិនមែនគ្រាន់តែជាគោលដៅនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាក្តីប្រាថ្នាដ៏សាមញ្ញ និង មានតម្លៃបំផុត សម្រាប់ឱ្យប្រជាជនអាចរស់នៅដោយសេចក្ដីថ្លៃថ្នូរ និងសុវត្ថិភាពឡើងវិញ។

ក្នុងបាឋកថាកាលពីម្សិលមិញ សម្ដេច ម៉ែន សំអន បានចែករំលែកអំពីតួនាទីរបស់ស្ត្រីក្នុងដំណើរប្រវត្តិសាស្ត្ររបស់ជាតិ ដោយគូសបញ្ជាក់ថា ទោះបីជាស្ត្រីមានភាពទន់ភ្លន់ដោយធម្មជាតិក៏ដោយ ក៏មិនមានន័យថាទន់ជ្រាយនោះដែរ។ ផ្ទុយទៅវិញ ស្ត្រីកម្ពុជា បានបង្ហាញនូវភាពអង់អាចក្លាហាន ការអត់ធ្មត់ និងឆន្ទៈមុតមាំ ក្នុងការរួមសុខរួមទុក្ខជាមួយជាតិគ្រប់ដំណាក់កាល។សម្រាប់សម្តេចការចូលរួមរបស់ស្ត្រី មិនត្រឹមតែក្នុងការថែរក្សាគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមក្នុងបុព្វហេតុសង្គ្រោះជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១២ ខែកក្កដា គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមវត្តមាន សម្ដេច ម៉ែន សំអន ក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។

បាឋកថានេះ ក្នុងគោលបំណងបង្កើតវេទិកាជូនថ្នាក់ដឹកនាំជំនាន់មុន ដែលជាសាក្សីរស់នៃប្រវត្តិសាស្ត្រកម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងសុខសន្តិភាព។ ទន្ទឹមនឹងនេះ វេទិកានេះក៏មានគោលបំណងលើកកម្ពស់ស្មារតីយុវជនឱ្យយល់ដឹងពីតម្លៃនៃការលះបង់ វីរភាព និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងបណ្ដុះស្មារតីដឹងគុណ ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តបម្រើជាតិមាតុភូមិ៕

Khcct banner

អត្ថបទទាក់ទង