ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១០ កក្កដា ២០២៦ បានចេញលិខិតអបអរសាទរក្នុងឱកាសខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ដែលជាកេរមរតកនៃការចងចាំ មេរៀនប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ។
“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ47 COM 8B.14 នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ក្នុងឱកាសខួប១ឆ្នាំនេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់ ថែរក្សាទីតាំង និងបញ្ចៀសការសាងសង់ណាមួយ ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា ហើយត្រូវធានាការការពារទីតាំងនេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងត្រូវបំពេញបេសកកម្មការងារគ្រប់គ្រងនិងអភិរក្សឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ ប្រតិបត្តិរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ជាអ្នកផ្តួចផ្តើមគំនិតក្នុងការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមាន អតីតមន្ទីរឃុំឃាំង១៣ (ម-១៣) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបន្សល់ទុកជាកេរមរតកនៃការចងចាំ ការរៀនសូត្រ មេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់កូនចៅជំនាន់ក្រោយតទៅមុខ ព្រមទាំងជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាងនិងការការពារសន្តិភាព៕