ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានសម្រេចបណ្ដេញចេញជនបរទេសសរុបចំនួន ១,៣៦២នាក់ ស្រី២៤៣នាក់ ពាក់ព័ន្ធបទល្មើសជាច្រើន។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។
ជនបរទេសសរុបចំនួន ១,៣៦២នាក់ ដែលកម្ពុជាបណ្តេញចេញមាន ២៤សញ្ជាតិ រួមមាន ៖ ជនជាតិឥណ្ឌូនេស៊ី ចិន បង់ក្លាដេស ថៃ វៀតណាម មីយ៉ាន់ម៉ា នីហ្សេរីយ៉ា ចិនតៃវ៉ាន់ កូរ៉េ ស្រីលង្កា ហ្វីលីពីន ឥណ្ឌា កាមេរូន យ៉ូហ្គង់ដា ទុយណេស៊ី ទួកមេគីស្ថាន ប៉ាគីស្ថាន រុស្សី បារាំង លីបេរីយ៉ា ស៊ុយអែត ហ្គាណា ហ្ស៊កហ្ស៊ី និង ជនជាតិអង់គ្លេស។
បើតាមរបាយការណ៍ការបណ្ដេញចេញក្នុងនោះមានជនជាតិចិន ១៧០នាក់ ស្រី០៨នាក់ បណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ, ជនជាតិវៀតណាម ៤៥នាក់ ស្រី០៣នាក់ បណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀងជនជាតិថៃ ៧៩នាក់ ស្រី ៣៥នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជនបរទេសមួយចំនួនទៀតដែលពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ជួញដូរ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ៕