Img 1426
Swift cc time

សៀវភៅ «យើងទៅទស្សនាសារមន្ទីរ ស.ស.រ» នឹងពន្យល់ក្បោះក្បាយពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ ដែលមានអាយុកាលជាង ២,០០០ឆ្នាំ របស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន សហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា បោះពុម្ពសៀវភៅ «យើងទៅទស្សនាសារមន្ទីរ ស.ស.រ» ដែលនឹងពន្យល់ក្បោះក្បាយពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ ដែលមានអាយុកាលជាង ២,០០០ឆ្នាំ របស់កម្ពុជា។ សៀវភៅនេះ ត្រូវបានបោះពុម្ពផ្សាយជាបីភាសា រួមមានភាសាខ្មែរ អង់គ្លេស និងបារាំង។

តាមរយៈអត្ថបទសង្ខេប និងការរចនារូបភាពបែបគំនូរ សៀវភៅនេះផ្តល់ឱកាស ឱ្យអ្នកអានគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន នូវភាពងាយស្រួល និងការពន្យល់យ៉ាងក្បោះក្បាយពីប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុ ដែលមានអាយុកាលជាង ២,០០០ឆ្នាំរបស់ប្រទេសកម្ពុជា។ សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ក៏រៀបរាប់លម្អិតពីខ្លឹមសារសំខាន់ៗរបស់ពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ និងអាចប្រើប្រាស់ជាឧបករណ៍មគ្គុទ្ទេសក៍ ក្នុងការទស្សនាសារមន្ទីរ និងឈ្វេងយល់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ។

តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងការបោះពុម្ពសៀវភៅ ដែលងាយស្រួលអាន របស់គ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ជាមួយនឹងចំណេះដឹងផ្នែកប្រវត្តិសាស្ត្រនិងសមុច្ច័យដែលសារមន្ទីរ ស.ស.រ បានចងក្រង និងដាក់តាំងបង្ហាញ សមិទ្ធផលនេះមានគោលបំណង ធ្វើឱ្យប្រធានបទប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ក្លាយជាចំណេះដឹងងាយស្រួលទទួលយកនិងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកអានគ្រប់រូប។

ថ្លែងនៅក្នុងពិធីនេះ លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ. បានមានប្រសាសន៍ថា៖ «ការផ្តល់លទ្ធភាពឱ្យសាធារណជនគ្រប់មជ្ឈដ្ឋាន ទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ជាបេសកកម្មមួយដ៏សំខាន់របស់សារមន្ទីរ ស.ស.រ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានរួមសហការជាមួយគ្រឹះស្ថាន ស៊ីប៉ា ក្នុងការបោះពុម្ពផ្សាយសៀវភៅនេះឡើង ដោយបានផ្តល់នូវភាពងាយស្រួលក្នុងការអាន និងយល់ពីខ្លឹមសារនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ»។

លោក ហុក សុទ្ធិ អគ្គនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា បានមានប្រសាសន៍ថា៖ «គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា មានមោទកភាពដែលបានចាប់ដៃគូសហការជាមួយសារមន្ទីរ ស.ស.រ ក្នុងការបោះពុម្ពសៀវភៅនេះឡើង ដែលជាធនធានផ្នែកអប់រំដ៏សាមញ្ញ ប៉ុន្តែមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់យុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ»។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ដែលគេស្គាល់ជាទូទៅថា សារមន្ទីរ ស.ស.រ) ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ផ្ដោតលើការអប់រំសាធារណជនអំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ប្រទេសកម្ពុជា តាមរយៈការលាយបញ្ចូលគ្នារវាងវត្ថុបុរាណនានា ជាមួយនឹងការរៀបចំតាំងបង្ហាញពិព័រណ៍ដោយប្រើបច្ចេកវិទ្យាទំនើប។ ចាប់តាំងពីបើកដំណើរការមក សារមន្ទីរបានទទួលភ្ញៀវឱ្យចូលទស្សនាប្រមាណជាង ១៨០,០០០នាក់ ហើយសារមន្ទីរក៏បានទទួលពានរង្វាន់ TripAdvisor Travelers’ Choice Award ផងដែរ៕


Khcct banner

អត្ថបទទាក់ទង