Img 1426
Swift cc time

ឱកាសទទួលបានថវិកាសិក្សាដោយ«មិនគិតការប្រាក់» សិក្សាថ្នាក់បរិញ្ញាបត្រជំនាញ«បច្ចេកវិទ្យាឌីជីថល» នៅសាកលវិទ្យាល័យចំនួន៧

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) នាថ្ងៃទី៨ កក្កដា បានប្រកាសផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍) ដោយជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ទៅសិក្សាតាមគ្រឹះស្ថានចំនួន ៧។

ចំពោះអត្ថប្រយោជន៍ បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានរួមមាន៖ ថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតការប្រាក់ (មិនមែនជាអាហារូបករណ៍) ថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ១ គ្រឿង (ប្រសិនបើមានតម្រូវការ) ថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅ (ប្រសិនបើមានតម្រូវការ) ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជន និងអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

ចំណែនឯលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាននិទ្ទេសរួម A B ឬ C ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង ៧ ឆ្លងកាត់ការវាយតម្លៃ (ជាការសម្ភាសន៍ ឬការធ្វើតេស្តសមត្ថភាព) ដោយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. ចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. បន្ទាប់ពីត្រូវបានជ្រើសរើស។ បន្ថែមពីនេះ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

កម្មវិធីនេះ ផ្តល់ជូនសម្រាប់ការសិក្សានៅសាកលវិទ្យាល័យចំនួន៧ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology) មុខជំនាញ៖ វិស្វកម្មសុសវែរ (Software Engineering) វិទ្យាសាស្ត្រទិន្នន័យ (Data Science) ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (បញ្ចូលមុខវិជ្ជា ផ្កាយរណប) (Telecommunications and Networking Engineering [Including Satellite]) និងសន្តិសុខសាយប័រ (Cybersecurity)។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute Technology of Cambodia) មុខជំនាញដូចជា៖ វិស្វកម្មអវកាស និងប្រព័ន្ធស្វ័យប្រវត្តិ (Aerospace and Autonomous Systems Engineering) វិស្វកម្មសុសវែរ (Software Engineering) និងវិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) មុខជំនាញដូចជា៖ វិស្វកម្មទូរគមនាគមន៍ និងផ្កាយរណប (Telecommunications and Satellite Engineering) និងវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)។

សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) មុខជំនាញដូចជា៖ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology) និងសហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) មុខជំនាញដូចជា៖ ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ IT Management / Computer Science) បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology) សន្តិសុខសាយប័រ (Cybersecurity) បញ្ញាសិប្បនិម្មិត (Artificial Intelligence) ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure) ការអភិវឌ្ឍសុសវែរ (Software Development) ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems) និងការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) មុខជំនាញដូចជា៖ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems) និងរចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)

សាកលវិទ្យាល័យកម្ពុជា (University of Cambodia) ផ្តល់លើជំនាញ ព័ត៌មានវិទ្យា (Information Technology)។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង