Img 1426
Swift cc time

អាម៉េរិក បញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍វិវត្តនៅព្រំដែនកម្ពុជា-ថៃ និងគាំទ្រដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកស្រី Aleksandra Zittle ភារធារីស្ដីទីនៃស្ថានឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់របស់អាម៉េរិកចំពោះស្ថានការណ៍វិវត្ត និងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។ ការបញ្ជាក់យ៉ាងដូច្នេះធ្វើឡើងក្នុងពេលដែលលោកស្រី Aleksandra Zittle ចូលជួបសម្តែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកស្រី Zittle ក្នុងឱកាសដែលលោកស្រីបានមកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទីពីរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រី Zittle អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកស្រី Aleksandra Zittle បានបញ្ជាក់សាជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់របស់អាម៉េរិកចំពោះស្ថានការណ៍វិវត្ត និងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។ លោកស្រីបញ្ជាក់ទៀតថា អាម៉េរិកបន្តគាំទ្រ និងការចូលរួមរបស់ខ្លួនក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមជម្រាបថា ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួម ដើម្បីរក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងអាម៉េរិក ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង