ភ្នំពេញ៖ ចុះពីយន្តហោះភ្លាម លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេស និង ការទាក់ទាញវិនិយោគរបស់ប្រទេសបារាំង បានទៅទស្សនកិច្ចមុនគេ គឺ«អាកាសយានដ្ឋានអន្តរជាតិតេជោ»របស់ប្រទេសកម្ពុជា។ក្នុងទស្សនកិច្ចនោះ លោកបានបញ្ជាក់ពីជំហររបស់បារាំង ក្នុងការប្តេជ្ញាចិត្តរយៈពេលវែង ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាដោយយកគំរូតាម «អាកាសយានដ្ឋានអន្តរជាតិតេជោ»ប្រកបដោយចីរភាព និង ស្តង់ដារខ្ពស់។
គួរបញ្ជាក់ថា លោក នីកូឡា ហ្វ័ររីស្យេ កំពុងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញសន្ទុះការទូតវិជ្ជមានរវាង បារាំង និងកម្ពុជា ទៅជាសមិទ្ធផលសេដ្ឋកិច្ចជាក់ស្តែង និង រយៈពេលវែង។ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ និងមានចក្ខុវិស័យវែងឆ្ងាយរវាងប្រទេសបារាំង និង ប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោកបានទៅទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈលោកទស្សនាតំបន់សំខាន់ៗមួយចំនួននៅក្នុងស្ថានីយអ្នកដំណើរ និង ទទួលបានការជម្រាបជូនអំពីកិច្ចប្រតិបត្តិការរបស់អាកាសយានដ្ឋាន។
ក្នុងទស្សនកិច្ចនៅកម្ពុជា មន្ត្រីជាន់ខ្ពស់បារាំងរូបនេះ បានបង្ហាញការជឿជាក់ថា កម្ពុជាអាចជាដៃគូមួយក្នុងចំណោមជាច្រើនទៀតរបស់បារាំង ខណៈបារាំង កំពុងរក្សាវត្តមាន សេដ្ឋកិច្ចរឹងមាំរួចហើយក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីបណ្តាញក្រុមហ៊ុន សហគ្រិន និង នាយកប្រតិបត្តិយ៉ាងហោច ណាស់ ២០០ ក៏ដូចជា អាជីវកម្មបង្កើតឡើងដោយពលរដ្ឋបារាំងរស់នៅក្នុងប្រទេសកម្ពុជាជាច្រើនទៀត៕