ភ្នំពេញ៖ កម្ពុជា និងអាម៉េរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការស្រាវជ្រាវជំងឺឆ្លង ទាក់ទងនឹងប៉ារ៉ាស៊ីត បាក់តេរី និងវីរុសជាច្រើន ដែលកើតឡើងនៅកម្ពុជា អាម៉េរិក និងលើសកលលោក។ ការសហការគ្នានេះ នឹងមានរយៈពេល៥ឆ្នាំ ក្នុងការធ្វើការជាមួយស្ថាប័នសុខភាពសាធារណៈសំខាន់ៗចំនួន៤របស់កម្ពុជា។
ក្រសួងសុខាភិបាលកម្ពុជា និងវិទ្យាស្ថានជាតិអាឡែកស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (NIAID) ដែលជាផ្នែកមួយនៃវិទ្យាស្ថានជាតិសុខាភិបាល (NIH) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការស្រាវជ្រាវជំងឺឆ្លង។
អនុស្សរណៈនៃការយោគយល់គ្នានេះ សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង NIH/NIAID និងស្ថាប័នសុខភាពសាធារណៈសំខាន់ៗចំនួនបួនរបស់កម្ពុជា៖ មជ្ឈមណ្ឌលជាតិសម្រាប់ប៉ារ៉ាស៊ីតវិទ្យា សត្វល្អិតវិទ្យា និងជំងឺគ្រុនចាញ់ (CNM); វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH); នាយកដ្ឋានត្រួតពិនិត្យជំងឺឆ្លង (CCDC); និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS)។
ភាគីទាំងពីរនឹងបន្តសកម្មភាពស្រាវជ្រាវរួមគ្នាលើអាទិភាពនៃជំងឺឆ្លង និងភាពស៊ាំសកលជាច្រើន រួមទាំងការធ្វើការសិក្សាផ្នែកគ្លីនិក ការបកប្រែ និងវិទ្យាសាស្ត្រមូលដ្ឋានទាក់ទងនឹងជំងឺប៉ារ៉ាស៊ីត បាក់តេរី និងវីរុស។ ការអភិវឌ្ឍការធ្វើតេស្តរោគវិនិច្ឆ័យ របបព្យាបាល និងយុទ្ធសាស្ត្របង្ការសម្រាប់ជំងឺឆ្លង និងភាពស៊ាំ និងសកម្មភាពស្រាវជ្រាវផ្សេងទៀតដែលមានផលប្រយោជន៍រួមគ្នា។ ការសហការនឹងរួមបញ្ចូលគម្រោងស្រាវជ្រាវរួមគ្នា កិច្ចប្រជុំ និងសិក្ខាសាលាវិទ្យាសាស្ត្រ ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ ឱកាសបណ្តុះបណ្តាល និងបង្រៀនដល់អ្នកវិទ្យាសាស្ត្រ បុគ្គលិក និងនិស្សិត។
បន្ថែមពីនេះ អ្នកវិទ្យាសាស្ត្រមកពីកម្ពុជា និងអាម៉េរិក នឹងសិក្សាពីជំងឺដូចជា ជំងឺគ្រុនឈាម ជំងឺឈីគុនហ្គុនយ៉ា ជំងឺហ្ស៊ីកា ជំងឺផ្តាសាយបក្សី H5N1 និងជំងឺធន់នឹងការព្យាបាល រួមទាំងការឆ្លងមេរោគបាក់តេរីដែលធន់នឹងថ្នាំប្រឆាំងមេរោគ ដែលអាចគំរាមកំហែងដល់សុខភាពរបស់ប្រជាពលរដ្ឋ៕