Img 1426
Swift cc time

អគ្គមេបញ្ជាការកងទ័ព កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងឯកភាពពន្លឿនចុះMOUផ្នែកយោធារួមគ្នាឱ្យបានលឿន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ព កម្ពុជា-ម៉ាឡេស៊ី បានប្រកាសពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាកាន់តែខ្លាំង និងបានឯកភាពគ្នាពន្លឿនការចុះអនុស្សរណៈយោគយល់ លើវិស័យការពារជាតិឱ្យកាន់តែឆាប់រហ័សតាមតែអាចធ្វើទៅបាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។

ជាជំនួបធ្វើឡើង ក្នុងពេលអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលកម្ពុជាចាត់ទុកថា ជាទស្សនកិច្ចសំខាន់ និងជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។

ក្នុងជំនួបនោះ លោក វង្ស ពិសេន បានអរគុណម៉ាឡេស៊ី ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និង តួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។លោកបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។

ចំណែកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា និង បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។តំណាងរដ្ឋាភិបាលម៉ាឡស៊ី លោកបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និង ឈរលើគោលការណ៍មជ្ឈភាពអាស៊ាន និងចាត់ទុក ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ៕

Khcct banner

អត្ថបទទាក់ទង