Img 1426
Swift cc time

វេទិកាស្តីពី«បញ្ញាសិប្បនិម្មិត»លើកទី៥ អប់រំយុវជនឱ្យប្រើប្រាស់AI ដោយមនសិការនិងការទទួលខុសត្រូវផ្នែកសីលធម៌

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច សហការជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងAI Forum នាថ្ងៃទី៨ កក្កដាម្សិលមិញ បានរៀបចំវេទិកាស្តីពីបញ្ញាសិប្បនិម្មិតលើកទី៥ ក្រោមប្រធានបទស្តីពី«ចេតនា និងប្រព័ន្ធបញ្ញាសិប្បនិម្មិត៖ឆន្ទៈមនសិការនិងការទទួលខុសត្រូវផ្នែកសីលធម៌» លើកកម្ពស់ការយល់ដឹងអំពីក្រមសីលធម៌ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការការពារសុវត្ថិភាពទិន្នន័យទូទៅ ខណៈ AI កំពុងគ្របដណ្តប់នៅពេញសកលលោក។

សិក្ខាសាលានេះបានប្រមូលផ្តុំនូវបញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) រួមមាន សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព សមាជិកអគ្គលេខាធិការដ្ឋានគណៈសង្ឃនាយក លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិក នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច លោក ឆែម សិរីវត្ថិ សហស្ថាបនិក និងប្រធាននៃ AI Forum និងអ្នកជំនាញផ្សេងៗទៀត។

សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានចែករម្លែកថា មនុស្សដែលមានចេតនាមិនល្អក្នុងការផលិត ឬប្រើប្រាស់ AI ក្នុងផ្លូវអវិជ្ជមាន បម្រើផលប្រយោជន៍ខ្លួនឯង បង្កផលប៉ះពាល់ដល់អ្នកដទៃ នឹងទទួលបានបាប ខណៈអ្នកចែកចាយព័ត៌មានទាំងនោះ គួរពិនិត្យ និងពិចារណាឱ្យបានត្រឹមត្រូវ មុននឹងចែករំលែកព័ត៌មានអ្វីមួយ។ រាល់ការប្រព្រឹត្តលើប្រការណាមួយ គួរគិតដល់មនសិការនិងការទទួលខុសត្រូវផ្នែកសីលធម៌។

ទន្ធឹមនេះ លោក ឆែម សិរីវត្ថិ សហស្ថាបនិក និងជាប្រធាន AI Forum បានសង្កត់ធ្ងន់ថា «ចំណេះដឹង» ផ្តល់ឱ្យយើងក្នុងការបង្កើតថ្មី។ «ប្រាជ្ញា» ផ្តល់ការវិនិច្ឆ័យឱ្យយើងបង្កើតឡើងដោយការទទួលខុសត្រូវ។ រីឯ «មេត្តា» ផ្តល់គោលបំណងឱ្យយើងបង្កើតឡើងដើម្បីផលប្រយោជន៍រួម។

ខណៈពេលដែល AI កំពុងបន្តផ្លាស់ប្តូរពិភពលោករបស់យើង បច្ចេកវិទ្យាតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ។ ភាពជាអ្នកដឹកនាំ សីលធម៌ ទស្សនវិជ្ជា និងគុណតម្លៃរួមនៃមនុស្សជាតិរបស់យើង នៅតែជាគ្រឹះដ៏សំខាន់សម្រាប់ការបង្កើតថ្មីប្រកបដោយការទទួលខុសត្រូវ។ ទាំងនេះគឺជាគុណតម្លៃដែលគ្មានម៉ាស៊ីនអាចជំនួសបានឡើយ៕


Khcct banner

អត្ថបទទាក់ទង