កំពត៖ ក្រុមតន្ត្រី Pacific Brass នៃកងទ័ពអាកាសសហរដ្ឋអាម៉េរិក ចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់ពួកគេ ជាមួយនឹងការប្រគំតន្ត្រី នៅឯវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ និងការលេងតន្រ្តីជាមួយសិស្សានុសិស្ស មកពីកម្មវិធី Access នៅអង្គការសាលាភាសាបរទេសជុំគ្រៀល។
ក្រៅពីនេះ ក្រុមតន្ត្រី Pacific Brass ក៏បានសម្តែងការប្រគំតន្ត្រី អមជាមួយថ្ងៃលិចនៅតាមដងទន្លេកំពត ដែលទាក់ទាញអ្នកទស្សនាជាច្រើន រួមមានមន្ត្រីមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានមកចូលរួមអបអរសាទរខួបលើកទី ២៥០ នៃទិវាបុណ្យឯករាជ្យរបស់សហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ថា ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិ។ ព្រឹត្តិការណ៍នេះ ត្រូវបានអាម៉េរិកយល់ថា ជាការបញ្ជាក់អំពីស្មារតីយូរអង្វែងរបស់អាម៉េរិក លើភាពច្នៃប្រឌិត និងនយោបាយការទូត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងអាម៉េរិក និងកម្ពុជា។