បន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧ កក្កដា បានប្រកាសឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះម្ចាស់យានយន្តដែលធ្វើចរាចរណ៍ ឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ ១៥៦D ចាប់ពីឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដល់ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោយមានការប្រេះបាក់ស្រុតកាត់ផ្តាច់ចិញ្ចើម និងតួផ្លូវអស់មួយផ្នែកធំ ដោយសារភ្លៀងធ្លាក់ជោគជាំ។
អ្នកនាំពាក្យ នៃមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ១៥៦D ថា ចាប់តាំងពីរដូវវស្សាចូលមកដល់ មានភ្លៀងធ្លាក់ជោគជាំ ជាបន្តបន្ទាប់ ធ្វើឲ្យមានការប្រែប្រួលចរន្តទឹកស្ទឹងមង្គលបូរីហូរឡើងលឿន ហើយជម្រាលជើងទេរផ្លូវ ត្រូវបានហូរច្រោះ បណ្តាលឲ្យផ្លូវខេត្តខាងលើ បានប្រេះបាក់ស្រុតកាត់ផ្តាច់ចិញ្ចើម និងតួផ្លូវអស់មួយផ្នែកធំ ខាងឆ្វេងដៃ។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារមន្ទីរក៏បានចុះរៀបចំដាក់ផ្លាកសញ្ញា ភ្លើងសញ្ញា និងរបាំងការពារ សុវត្ថិភាពចរាចរណ៍ ត្រង់កំណាត់ផ្លូវដែលខូចខាត ដើម្បីរងចាំក្រុមការងារបច្ចេកទេសចុះសិក្សាលម្អិត និងជួសជុលឡើងវិញឲ្យបានទាន់ពេលវេលានាពេលខាងមុខ។ ដោយសារស្ថានភាពនេះ មន្ទីរសាធារណការ អំពាវនាវឱ្យពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់៕