អង់គ្លេស៖ លោក Mick Raine អ្នកជំនាញដោះមីនជនជាតិអង់គ្លេស ដែលបច្ចុប្បន្នដឹកនាំប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា បានទទួលគ្រឿងឥស្សរិយយសលំដាប់ចក្រភពអង់គ្លេស (OBE) ពីព្រះមហាក្សត្រ Charles III នៅចក្រភពអង់គ្លេស។ លោក Mick ជាអ្នកដឹកនាំដ៏គួរឱ្យគោរពក្នុងសកម្មភាពមីនមនុស្សធម៌ បានលះបង់ពេលវេលាជាង ៤០ ឆ្នាំដើម្បីធ្វើឱ្យសហគមន៍មានសុវត្ថិភាពនៅជុំវិញពិភពលោក។
លោក Mick Raine OBE បានចាប់ផ្តើមអាជីពរបស់លោកជាអ្នកមុជទឹកកងទ័ពជើងទឹកអង់គ្លេស មុនពេលផ្លាស់ទៅធ្វើការដោះមីន មនុស្សធម៌។ ចាប់តាំងពីពេលនោះមក លោកបានដឹកនាំប្រតិបត្តិការបោសសម្អាតមីនសំខាន់ៗនៅទូទាំងសូម៉ាលីឡែន បូស្នៀ អ៊ីរ៉ាក់ ឡាវ លីបង់ វៀតណាម និងកន្លែងផ្សេងៗទៀត។
ការងាររបស់លោកជាមួយសកម្មភាពមីនរបស់អង្គការសហប្រជាជាតិ (UNMAS) នៅស៊ូដង់ខាងត្បូង និងសូម៉ាលី បានពង្រឹងសមត្ថភាពកម្ចាត់មីនជាតិ និងបង្កើនសុវត្ថិភាពនៅក្នុងតំបន់ជម្លោះសកម្ម។ ចាប់តាំងពីឆ្នាំ ២០២២ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធីសម្រាប់ APOPO កម្ពុជា លោក Raine បានត្រួតពិនិត្យការបោសសម្អាតដីគ្រោះថ្នាក់រាប់រយ ហិកតា និងបានបង្កើតវិធីសាស្ត្របោសសម្អាតមីនប្រកបដោយភាពច្នៃប្រឌិត។
នៅកម្ពុជា លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងគាំទ្រវិធីសាស្រ្តច្នៃប្រឌិតដើម្បីប្រគល់ដីសុវត្ថិភាពទៅឱ្យសហគមន៍វិញ។ កិត្តិយសនេះឆ្លុះបញ្ចាំងពីសកម្មភាព ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់លោក Mick ក្នុងការបង្កើតអនាគតដ៏មានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៥ លោក Mick Raine បានទទួលគោរម្យងាជា OBE (Officer of the Order of the British Empire) ក្នុងបញ្ជីកិត្តិយសឆ្នាំថ្មីឆ្នាំ២០២៦ របស់ព្រះមហាក្សត្រ CHARLES III ដោយសារភាពលេចធ្លោរបស់លោកក្នុងការបោសសម្អាតមីនមនុស្សធម៌ និងការកំទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេលជាង ៤០ ឆ្នាំ៕