Img 1426
Swift cc time

កម្ពុជា ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា» ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី។  រដ្ឋមន្រ្តីបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការដាក់ចេញនូវយុទ្ធសាស្ត្រនេះ ធ្វើឡើងចំពេលដែលប្រវត្តិសាស្ត្រមនុស្សជាតិកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ។ ពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងវិបត្តិបរិស្ថាន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ ការពង្រឹងទំនុកចិត្តឱ្យកាន់តែរឹងមាំ និងការរួមសកម្មភាពជាសមូហភាពកាន់តែខ្លាំងក្លាឡើង រវាងប្រជាជាតិទាំងអស់។ លោករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការទូតបរិស្ថានដើរតួជាស្ពានចម្លងដ៏សំខាន់ដែលតភ្ជាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី។៦។

សូមបញ្ជាក់ថាយុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) នេះ បានកំណត់នូវសសរស្តម្ភយុទ្ធសាស្ត្រចំនួនបី រួមមាន៖

ទី១-ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច៖ ការងារនេះផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការលើកកម្ពស់កសិកម្មឆ្លាតវៃអាកាសធាតុ(climate-smart agriculture) និងការទាក់ទាញការវិនិយោគបៃតង។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់លើការកសាងភាពធន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពត្រៀមលក្ខណៈរបស់សហគមន៍ ការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការកៀរគរហិរញ្ញប្បទានអាកាសធាតុ។

ទី២-ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារជីវៈចម្រុះ ការស្តារព្រៃឈើ និងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍៖ សសរស្តម្ភនេះ មានគោលបំណងការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់កម្ពុជា ដោយការពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងការផ្តល់ធនធានសម្រាប់ការអភិរក្ស។ ការងារនេះក៏ផ្តោតលើការស្តារព្រៃឈើយ៉ាងសកម្ម តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើ និងការដាំដើមឈើឡើងវិញ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍ តាមរយៈ គោលដៅលម្លែបៃតង និងការគ្រប់គ្រងធនធានធម្មជាតិ។

ទី៣-ការការពារបរិស្ថាន តាមរយៈខ្យល់ ដី និងទឹក៖ សសរស្តម្ភនេះដោះស្រាយការគ្រប់គ្រងការបំពុល ដោយការពង្រឹងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការជំរុញការប្រើប្រាស់ថាមពលស្អាត ក៏ដូចជាមធ្យោបាយដឹកជញ្ជូនស្អាត។ ការងារនេះក៏ផ្តោតលើការកែលម្អប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងការហូរច្រោះពីដីកសិកម្ម និងការបង្កើនការអប់រំសាធារណៈអំពីការបំពុលទឹក។ បន្ថែមលើនេះ យុទ្ធសាស្ត្រ នេះមានគោលបំណងកែលម្អការគ្រប់គ្រងសំណល់ តាមរយៈការពង្រឹងប្រព័ន្ធប្រមូលនិងទីលានចាក់សំរាម ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអភិវឌ្ឍដំណោះស្រាយបំប្លែងកាកសំណល់ទៅជាថាមពល៕


Khcct banner

អត្ថបទទាក់ទង