Img 1426
Swift cc time

កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានសម្ពោធដាក់ឱកយប្រើប្រាស់ជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ក្រុងកំពង់ចាម៖ កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ពោធដាក់ឱកយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមសម្ដេច ហ៊ុន ម៉ាណែត កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន ចំណេញពេលវេលា និងការដឹកកសិផល។ ការស្ថាបនាពង្រីកកំណាត់ផ្លូវជាតិនេះឡើងវិញ ដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យរឹងមាំ ធំទូលាយ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ របស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗ មានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង១,៥ម៉ែត្រ។

កំណាត់ផ្លូវជាតិនេះ បានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត មានប្រវែងសរុប១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ។ បន្ថែមពីនេះ គម្រោងក៏មានសាងសង់ស្ថានីយជញ្ជីង ថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ចំនួន ២កន្លែង បំពាក់ភ្លើងសញ្ញាចរាចរណ៍ចំនួន ៤កន្លែង មានបង្គោលបញ្ចេញសំឡេង សម្រាប់ជនពិការឆ្លងកាត់ផ្លូវចំនួន ៨បង្គោល សាងសង់សួនពុះចែកទ្រូងផ្លូវ ដាក់លូគ្រប់ប្រភេទ និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុនផែនការ១៥ខែ ដោយបានចំណាយថវិកាសរុបប្រមាណជាង១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕


Khcct banner

អត្ថបទទាក់ទង