ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ កងទ័ពម៉ាឡេស៊ី ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនោះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
បន្ថែមពីនេះ គណៈប្រតិភូជាន់ខ្ពស់ កងទ័ពម៉ាឡេស៊ី និងកម្ពុជា នឹងមានជំនួបទ្វេភាគី សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងទៅ រវាងកងទ័ពនៃប្រទេសទាំងពីរ។ទស្សនកិច្ចនេះ ត្រូវបានរំពឹងថា ជាជំហានថ្មីដ៏សំខាន់មួយទៀត អំពីការប្តេជ្ញាចិត្តរបស់កងទ័ប កម្ពុជា-ម៉ាឡេស៊ី ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ៕