ភ្នំពេញ៖ កងទ័ពកម្ពុជាចំនួន៤ នាក់ បានរងរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ នៅពីក្រោយកងល្បាត ខណៈពេលចុះល្បាត ហើយបានជួបជាមួយយោធាថៃ។បច្ចុប្បន្ន កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ ហើយមូលហេតុ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងកម្ពុជាដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ កំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ នៅពេលកងកម្លាំងកម្ពុជា បានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយ បណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់។
បើតាមអ្នកនាំពាក្យ ឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់កម្ពុជា។ក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង៕