ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការអន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជាពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។ ការរៀបចំនេះធ្វើឡើងកាលពីថ្ងៃទី០៣កក្កដា នៅទីស្តីការក្រសួងការបរទេស។
ជាមួយគ្នានេះ រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក អ៊ិត សុត្ថា ក៏បានចូលរួមធ្វើបទបង្ហាញអំពីខ្សែបន្ទាត់ព្រំដែនដែលត្រូវបានទទួលស្គាល់ជាខ្សែព្រំដែនអន្តរជាតិ ដែលបាន កំណត់ និងខណ្ឌសីមាព្រំដែនតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ និងបានប្រៀបធៀបជាមួយខ្សែបន្ទាត់ព្រំដែនដែលបង្ហាញលើផែនទីដែលថៃគូសដោយឯកតោភាគី។
លោកស្រី អ៊ាត សោភា បានរម្លឹកអំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នា ដែល ចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកស្រីបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាព គា្នដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ។ ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបានឯកភាពគ្នា។
ប៉ុន្តែចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមកមិនមានការបង្ហាញណាមួយ បញ្ជាក់ថា ថៃបានអនុវត្តវិធានការដើម្បីបំពេញការប្ដេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់ចាញ់នោះទេ ព្រមទាំងបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែលខ្លួនកាន់កាប់ឥតឈប់ឈរ។
លោកស្រី អ៊ាត សោភា បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT ក្នុងការគាំទដល់ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដឹកនាំ AOT ក្នុងនាមជាប្រធានអាស៊ានមុន និងប្រធានបច្ចុប្បន្ន។
លោកស្រីបានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាកររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកស្រីបានសម្តែងនូវទំនុកចិត្ត ការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចពិភាក្សា ប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ដំណោះស្រាយដ៏យុត្តិធម៌ យូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ៕