Img 1426
Swift cc time

សមាគមឧកញ៉ាកម្ពុជា ចុះMoUជាមួយសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគរបស់សហគ្រាសកូរ៉េនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំខែកក្កដា តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាហត្ថលេខីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) រវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគរបស់សហគ្រាសកូរ៉េនៅកម្ពុជា។

បើតាមសមាគមឧកញ៉ាកម្ពុជា អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគរបស់សហគ្រាសកូរ៉េនៅកម្ពុជា ជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឱកាសធុរកិច្ច ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់ធនធាន សក្តានុពល និងបណ្តាញទំនាក់ទំនងរបស់ភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព។

ជាមួយនេះផងដែរ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខ័ណ្ឌដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម រួមមាន ការគាំទ្រដល់ការចូលទីផ្សារ និងការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មអាទិភាព ការរៀបចំវេទិកាធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងឱកាសវិនិយោគ ព្រមទាំងការសម្របសម្រួលលើគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងការចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ស្របតាមបរិបទនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ដើម្បីបង្កើតឱកាសថ្មីៗជូនដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង