ភ្នំពេញ៖ អតីតឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ចំនួន២រូបដែលមហាជនស្គាល់ច្បាស់នោះ គឺសម្តេច ហោ ណាំហុង និង សម្ដេច គាត ឈន់ បានបង្ហាញពីរូបភាពកាន់តែជរា ក្នុងគ្រាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខ កាលពីពេលថ្មីៗនេះ ដើម្បីសម្តែងសេចក្តីនឹករលឹក។
សម្តេច ហោ ណាំហុង ត្រូវបានគេស្គាល់ថា ជាអ្នកការទូតជើងចាស់របស់កម្ពុជាតាំងតែពីសម័យសង្គមរាស្ត្រនិយម ចំណាយពេលប្រមាណ៦០ឆ្នាំ ពិសេស ៤៥ឆ្នាំ ក្រោយរំដោះចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩ ជួយពង្រឹងកិច្ចការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ។
ស្នាដៃរបស់សម្តេច ហោ ណាំហុង ចុងក្រោយរួមចំណែកយ៉ាងធំក្នុងកិច្ចការបរទេសរបស់កម្ពុជា (ជាប្រធានអាស៊ាន ២លើក ២០០២ និង ២០១២) និងក៏ជាអ្នកចរចាដ៏ស្វិតស្វាញ និង ជាហត្ថលេខី នៃកិច្ចព្រមព្រៀងប៉ារីស ១៩៩៣ តតាំងក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ករណីប្រាសាទព្រះវិហា (២០០៨-២០១១)។សម្តេច ហោ ណាំហុង គឺជាអ្នកដឹកនាំផ្ទាល់លើការងារនេះ។
ចំណែកសម្តេច គាត ឈន់ ត្រូវបានគេស្គាល់ថា បានលះបង់កម្លាំងកាយ ចិត្តនិងប្រាជ្ញាស្មារតី ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០១៣ ព្រមទាំងបានចូលរួមចំណែក ដឹកនាំពង្រឹងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាតិ ជួយលើកស្ទួយជីវភាពប្រជារាស្ត្របានល្អប្រសើរ រក្សាបាននូវឯករាជ្យជាតិ និង បូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់សម្តេច ហ៊ុន សែន។
បច្ចុប្បន្ននេះ សម្តេច គាត ឈន់ មានអាយុជាង៩០ឆ្នាំ គឺជាមន្ត្រីជំនាញផ្នែកសេដ្ឋកិច្ច និងជាមន្ត្រីជាន់ខ្ពស់តាំងពីសម័យសង្គមរាស្ត្រនិយម ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០១៣។សម្តេចធ្លាប់ត្រូវបានឡើងឋានៈ ជា ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលងារជា «កិត្តិបរិរក្សបណ្ឌិត» ហើយចុងក្រោយនេះ ទទួលបានងារ«សម្តេចសេដ្ឋវិទូភក្តី»។
សម្តេច ហ៊ុន សែន ធ្លាប់បានថ្លែងសរសើរ សម្តេច គាត ឈន់ គឺមានជំនាញមួយ គឺការផ្ទេរចំណេះដឹង និង ចំណេះធ្វើទៅឲ្យអ្នកជំនាន់ក្រោយ ក្នុងនោះក៏មានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្នផងដែរ។សម្រាប់សម្តេច ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ សម្តេចមានមេផ្ទះដ៏ល្អ២រូបទី១ សម្តេច គាត ឈន់ និង ទី២ លោក អូន ពន្ធ័មុនីរ័ត្ន។សម្តេចចាត់ទុកថា ឥស្សរជនទាំងពីរនាក់នេះ គឺជាមេផ្ទះដ៏ល្អ មិនមែនជាស្រីកញ្ជើធ្លុះ តែជាមេផ្ទះចេះសន្សំ៕
សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ឡាយ នារី គាតឈន់ ដល់គេហដ្ឋានរបស់ សម្ដេចសេដ្ឋវិទូភក្ដី និងលោកជំទាវ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក ការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់ ព្រមទាំងក្រុមគ្រួសារ។
..
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱយតាមជួយថែរក្សា អភិបាលប្រោះព្រំប្រទានពរដល់ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
..
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បូរី ហោ ហោណាំហុង នៅគេហដ្ឋានរបស់ សម្តេចឥស្សរវិទេសបញ្ញា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹកជាទីបំផុតផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មហិទ្ធិឫទ្ធិ បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕