ភ្នំពេញ៖ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ មជ្ឈមណ្ឌលនេះ ជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់បានយ៉ាងលឿនរហ័ស ជាពិសេសជួយលើកកម្ពស់ការតភ្ជាប់ទីផ្សារនិងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។
នាឱកាសនេះ លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត ផ្សារខ្មែរ MSME Hub ទួលពង្រ ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់បានយ៉ាងលឿនរហ័សដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារនិងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ លោកស្រីបានសង្កត់ធ្ងន់ លើជីវភាពនៃប្រព័ន្ធតួអង្គ តែមួយដែលមិនអាចខ្វះបាននូវតួអង្គវិស័យឯកជនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផលិតខ្មែរទៅកាន់ទីផ្សារ។
ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរក្នុង មានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ការជំរុញអនុលោមភាពផលិតផលនិងសិទិ្ធអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់និងសុចរិតភាពធុរកិច្ចដោយស្មើភាព និងការសិក្សារពិនិត្យលទ្ធភាព បង្កើតផ្សារ ឬកន្លែងប្រមូលផ្តុំផលិតផល ដែលបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងកិច្ចប្រឹងប្រែងផ្សាភ្ជាប់ទីផ្សារក្នុងស្រុក នឹងឈានឆ្ពោះដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ជាដើម។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានវាយតម្លៃខ្ពស់ ដល់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ចំពោះការបោះជំហ៊ានយុទ្ធសាស្រ្តដ៏លឿន ក្នុងការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ ជាមួយដៃគូសំខាន់ៗ ដើម្បីចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារតាមរយៈ «ផ្សារខ្មែរ MSME Hub» រួមមាន ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន ZO Motors, ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) និងកិច្ចសហការរវាងក្រុមហ៊ុន Baray Global Management Halal Park Cambodia ជាមួយក្រុមហ៊ុន Global Food Mach Tech៕