Img 1426
Swift cc time

ក្រសួងសុខាភិបាលកម្ពុជា ចុះMoUជាមួយមូលនិធិ GX Foundation លើការទប់ស្កាត់ជំងឺគ្រុនឈាមនៅគោលដៅថ្មីក្នុងខេត្តកំពត និងខេត្តកំពង់ធំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(ស្តាំដៃ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល) (រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចុះហត្ថលេខា(MoU) លើកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រីកវិសាលភាពការងារទៅកាន់គោលដៅថ្មី ជាមួយមូលនិធិ GX Foundation លើការទប់ស្កាត់ ជំងឺគ្រុនឈាម នៅខេត្តកំពតនិងខេត្តកំពង់ធំ ក៏ដូចជាការបណ្ដុះបណ្ដាលបច្ចេកទេសដល់បុគ្គលិក សុខាភិបាលបន្ថែមទៀត។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក LEUNG Chun Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។

ក្នុងជំនួបនោះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផលដ៏ធំធេងដែលមូលនិធិសម្រេចបានកន្លងមកដូចជា កម្មវិធីភ្នែកឡើងបាយ នៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ដោយជោគជ័យ ដោយវះកាត់ជូនប្រជាពលរដ្ឋបានសរុប ៦,៦៧៣ ភ្នែក ប្រកបដោយសុវត្ថិភាពខ្ពស់ ។

សមិទ្ធផលមួយទៀតគឺគម្រោងបង្ការជំងឺគ្រុនឈាម ដែលបានផ្តល់ឧបករណ៍តេស្តរហ័ស (RDTs) ១៣,៨០០ឈុត, ចង្កៀងសម្លាប់មូស, មុងជ្រលក់ថ្នាំ និងសម្ភារអប់រំ គ្របដណ្តប់មូលដ្ឋានសុខាភិបាលទាំង ៦៤ កន្លែងក្នុងខេត្តកំពង់ស្ពឺ។ ព្រមទាំងបានដាក់ពង្រាយឧបករណ៍បង្ការនៅតាមហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការដ្ឋានព្រែកជីកហ្វូណនតេជោ, និងអាកាសយានដ្ឋានអន្តរជាតិតេជោ ។

បើតាមក្រសួងសុខាភិបាល តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation បានប្តេជ្ញារួមគ្នាពង្រីកវិសាលភាពគម្រោងមនុស្សធម៌នេះទៅកាន់ខេត្តគោលដៅថ្មី (ខេត្តកំពត ឬខេត្តកំពង់ធំ) ដោយផ្តោតលើការឆ្លើយតបនឹងជំងឺគ្រុនឈាម, ការបណ្តុះបណ្តាលបច្ចេកទេសបុគ្គលិកសុខាភិបាល, និងការផ្តល់នវានុវត្តន៍វេជ្ជសាស្ត្រថ្មីៗ ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង