ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចម៉ែ ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ នៅល្ងាចថ្ងៃទី ៣ មិថុនានេះ ស្ដេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងគង់នៅសាធារណរដ្ឋប្រជាមានិតចិន និង ក្រោយពេលព្រះរាជសុខភាពបានល្អប្រសើរ។
ការយាងនិវត្តន៍របស់ព្រះមហាក្សត្រ និង សម្ដេចម៉ែ គឺមានការទទួលពីមន្ត្រីខ្មែរកំពូលៗមានសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
វត្តមានរបស់សម្តេចទាំងទ្វេលើមាតុកម្ពុជានេះ គឺជាក្តីរំភើបរីករាយពីប្រជានុរាស្ត្រគ្រប់រូប និងបានថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕