ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយសហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាមួយមូលធននីយកម្មបឋម (ដើមទុនស្នូល) ចំនួន ២០ លានដុល្លារ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍ថា មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពលគឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្តដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ នេះគឺជាគំនិតផ្តួចផ្តើមដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលសន្តិសុខថាមពល រងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ាមកលើ។
EERF គឺជាយន្តការផ្តល់ហិរញ្ញប្បទានដែលត្រូវបានបង្កើតឡើងក្រោម កម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពលរបស់កម្ពុជា (Cambodia’s Energy Transition Sector Development Program) ហើយត្រូវបានរៀបចំឡើងដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលដោយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលតំណាងឱ្យក្រុមហ៊ុនជាង៩០% ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេស។
តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផលបន្ថែមទៀតជាមួយនឹងផលិតផលហិរញ្ញវត្ថុដែលបត់បែនបាន EERF នឹងផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យមក្នុងការវិនិយោគលើឧបករណ៍ និងការអនុវត្តទំនើបដែលសន្សំសំចៃថាមពល ដែលធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងរបស់ពួកគាត់តាមរយៈការកាត់បន្ថយថ្លៃថាមពល និងការពឹងផ្អែកលើប្រេងឥន្ធនៈដែលនាំចូល។
ជាមួយមូលធននីយកម្មបឋមចំនួន ២០ លានដុល្លារ ក្រោមការគ្រប់គ្រងដោយ ADB ដែលក្នុងនោះរួមមាន ១២ លានដុល្លារ ផ្តល់ដោយចក្រភពអង់គ្លេស តាមរយៈមូលនិធិហិរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ACGF) និង ៨ លានដុល្លារ ដោយមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈកម្មវិធីស្តារសេដ្ឋកិច្ចបៃតង (GRP) នៃ ACGF មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងគាំទ្រកម្ពុជាក្នុងការសម្រេចគោលដៅគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ១៩% បើធៀបនឹងកម្រិតអាជីវកម្មធម្មតា នៅឆ្នាំ ២០៣០។
ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងដែលចូលរួមជាមួយ EERF ហើយដែលធនធានរបស់ពួកគាត់នឹងត្រូវបានប្រើប្រាស់ដើម្បីពង្រីកប្រតិបត្តិការផ្តល់ប្រាក់កម្ចីបៃតង៕