ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសហាមឃាត់ចំពោះការនាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជានូវ«ទំនិញ ឬផលិតផល»អន្តរជាតិណាដែលជាប់ពាក់ព័ន្ធការងារដោយបង្ខំ រំលោភច្បាប់អន្តរជាតិ និងសិទ្ធិការងារកម្មករ។ អ្នកជំនាញពាណិជ្ជកម្ម និង អ្នកជំនាញសេដ្ឋកិច្ច គាំទ្រចំពោះការសម្រេចនេះ ព្រោះវាបង្ហាញឱ្យកាន់តែច្បាស់ថាកម្ពុជាតែងតែចូលរួមគោរពច្បាប់អន្តរជាតិ និង ផ្តល់អត្ថប្រយោជន៍ដល់កម្មករ ខណៈថៃតែងតែបំពានច្បាប់អន្តរជាតិ និង បំពានកម្មករ។
យោងតាមប្រការ៣នៃសេចក្តីសម្រេចបានពន្យល់ថា ការងារដោយង្ខំ គឺសំដៅដល់ការងារ ឬសេវាកម្មណា ដែលតម្រូវពីជនណាម្នាក់ដោយការគំរាមកំហែងថានឹងដាក់ទណ្ឌកម្មណាមួយ ហើយដែលជននោះមិនបានស្ម័គ្រចិត្តធ្វើដោយខ្លួនឯង រំលោភច្បាប់ការងារ។ ចំពោះទំនិញពាក់ព័ន្ធ គឺសំដៅដល់ទំនិញដែលជីក ឬទាញយក ផលិត ឬផលិតផលទាំងស្រុង ឬផ្នែកណាមួយដោយប្រើប្រាស់ដោយបង្ខំបំពាន់ច្បាប់។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងចាត់ទុកសេចក្តីប្រកាសនេះ គឺជារឿងល្អសម្រាប់កម្ពុជា ខណៈកម្ពុជា គឺជាសមាជិកអង្គការអន្តរជាតិ ILO ហើយការប្រកាសនេះ ដើម្បីបង្ហាញនូវភាពស្មោះត្រង់របស់កម្ពុជា ក្នុងចូលរួមហាមឃាត់ដោយប្រើប្រាស់ ឬចរាចរទំនិញ ឬសេវាកម្មទាំងឡាយណាដែលមានភាពបង្ខំ។
ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ចាត់ទុកសេចក្តីប្រកាសនេះ គឺបានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាជាប្រទេសស៊ីវីល័យ និង ឈានដល់ការគោរពច្បាប់អន្តរជាតិ ហើយតែងតែជួយដល់កម្មករឱ្យមានការងារធ្វើជាប្រចាំ និងនិរន្តភាព ជួយឱ្យមានប្រាក់ចំណូលជាប្រចាំ ជាពិសេសលក្ខខណ្ឌការងារសម្រាប់កម្មករខ្មែរគឺល្អ ព្រោះមិនមានការងារណាដែលកម្មករត្រូវបានបង្ខំឱ្យធ្វើខុសពីច្បាប់ការងារទេ ខណៈថៃតែងតែរំលោភច្បាប់អន្តរជាតិ និង បង្ខិតបង្ខំកម្មជាដើម៕