Img 1426
Swift cc time

អាម៉េរិក ចាត់ទុក កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា នឹងផ្តល់លទ្ធផលសម្រាប់អាជីវកម្ម កម្មករ និងអ្នកធ្វើដំណើររបស់អាម៉េរិកទៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អាម៉េរិក ចាត់ទុកកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្នុងការបើកទីផ្សារ និង ផ្តល់លទ្ធផលសម្រាប់អាជីវកម្ម កម្មករ និង អ្នកធ្វើដំណើររបស់អាម៉េរិកមកកម្ពុជា។ នេះជាការលើកឡើងរបស់លោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក ក្នុងឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេសអាម៉េរិក បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរ ហើយនឹងនាំមកនូវទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសស៊ីវិលរវាងសហរដ្ឋអាម៉េរិក និង កម្ពុជា ទៅកាន់ស្តង់ដារទំនើបខ្ពស់បំផុត ស្របតាមគោលការណ៍បើកចំហរផ្ទៃមេឃរបស់សហរដ្ឋអាម៉េរិក។

ជាមួយនឹងកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជា បានចូលរួមជាមួយបណ្តាញដៃគូបើកចំហរផ្ទៃមេឃរបស់សហរដ្ឋអាម៉េរិកជិត ១៤០ ដោយពង្រីកសិទ្ធិសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការផ្តល់សេវាដឹកអ្នកដំណើរ និង ដឹកទំនិញអន្តរជាតិ។ ដោយរង់ចាំការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ អាជ្ញាធរអាកាសចរណ៍របស់ភាគីទាំងពីរ មានបំណងអនុញ្ញាតឱ្យមានប្រតិបត្តិការស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដោយផ្អែកលើសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។

ក្រសួងការបរទេសអាម៉េរិកក៏បានបញ្ជាក់ថា កិច្ចព្រមព្រៀងបើកចំហជើងមេឃអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និង មានប្រសិទ្ធភាពដល់អ្នកធ្វើដំណើរ និងអ្នកដឹកជញ្ជូន ដោយលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជា នឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត លើកកម្ពស់ចំណងប្រជាជន និងផ្តល់ក្របខ័ណ្ឌសម្រាប់ឱកាសថ្មីៗសម្រាប់អតិថិជន ក្រុមហ៊ុនអាកាសចរណ៍ និង ក្រុមហ៊ុនធ្វើដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ។

កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។ ជារួម កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្នុងការបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់អាជីវកម្ម កម្មករ និងអ្នកធ្វើដំណើររបស់អាម៉េរិក៕


Khcct banner

អត្ថបទទាក់ទង