Img 1426
Swift cc time

កម្ពុជាប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីនពីសកម្មភាពAOTថៃអមដោយកម្លាំងប្រដាប់អាវុធថៃឆ្លងចូលក្នុងអធិបតេយ្យភាពកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតនៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។

ភ្នំពេញ៖អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានប្តឹងតវ៉ាទៅ អគ្គសេនាធិការហ្វីលីពីន អំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ របស់ប្រទេសកម្ពុជា។កងយោធពលខេមរភូមិន្ទ ចាត់ទុក សកម្មភាពទាំងនេះ មិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។

ក្នុងលិខិតតវ៉ានោះ លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពមួយដែលបានកើតឡើងនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ នៅពេលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ អមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ របស់ប្រទេសកម្ពុជា ដោយគ្មានការជូនដំណឹងជាមុន ឬការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។

ក្នុងសកម្មភាពនោះ កងទ័ពកម្ពុជារកឃើញថា ក្រោយពីបានចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយគ្មានការអនុញ្ញាត ពួកគេបានបន្តធ្វើសកម្មភាពដាំកូនឈើ ផ្ទុយពីភាគីកម្ពុជាតែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។កងទ័ពកម្ពុជា ចាត់ទុកថាសកម្មភាពទាំងនេះមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។ 

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួចជំរុញឱ្យអ្នកសង្កេតការណ៍អាស៊ាន ត្រូវពិនិត្យឡើងវិញចំពោះសកម្មភាពខាងលើ និង ធានាថានាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាង ម៉ឺងម៉ាត់តាមលក្ខខណ្ឌយោងដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាពដែលរំពឹងទុកក្នុងបេសកកម្មនេះ។ ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌទាំងនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាទំនុកចិត្តគ្នាទៅវិញទៅមក និង ធានាថាក្រុមAOT នឹងបន្តបំពេញតួនាទីតាមគោលបំណងរបស់ខ្លួន ក្នុងនាមជាយន្តការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត៕

Khcct banner

អត្ថបទទាក់ទង