ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៦ ៣៨២ ០០០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួនជាង ៣៥ ម៉ឺននាក់ ដែលបានបរិច្ចាគក្នុង យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណពុកដល់សម្បរសជនគ្រប់រូប ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធគន្ធបុប្ផា ដើម្បីបន្តបេសកកម្មសង្គ្រោះជិវិតទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះនៅកម្ពុជា។
លោកស្រីបន្តថា មូលនិធិគន្ធបុប្ផាកម្ពុជានៅតែត្រូវការការចូលរួមបរិច្ចាគពីសម្បុរសជនគ្រប់រូប ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាអាចនៅបន្តបេសកកម្មនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា ទោះបីជាបន្ទាប់ពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ត្រូវបិទបញ្ចប់ក៏ដោយ៕