ស្វាយរៀង៖ បើទោះបីជាបច្ចុប្បន្ន កម្ពុជាប្រឈមនឹងបញ្ហានៃការបិទព្រំដែនដោយឯកតោភាគីពីភាគីថៃក្នុងឆ្នាំ២០២៥-២០២៦នេះ ក៏កម្ពុជានៅតែអាចសម្រេចជោគជ័យថ្មីក្នុងការបើកផ្លូវដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។ កសិផលខ្មែរទាំង ៦ មុខដែលត្រូវនាំចេញទៅកាន់ទីផ្សារចិន រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ នេះជាប្រសាសន៍របស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទិវាមច្ឆជាតិ ១កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ២០២៦។
លោក ឌិត ទីណា បានលើកឡើងថា ក្នុងបរិបទនៃការបិទព្រំដែនដោយឯកតោភាគីពីភាគីថៃក្នុងឆ្នាំ២០២៥-២០២៦នេះ ដោយមានការជួយជ្រោមជ្រែងពេញលេញពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានជោគជ័យក្នុងការចរចាបើកទីផ្សារសម្រាប់ការនាំចេញអង្ករទៅប្រទេសហ្វីលីពីនលើកដំបូង ការបើកទីផ្សារសម្រាប់នាំចេញផលិតផល៤មុខថ្មីទៀតទៅប្រទេសចិនរួមមាន ទុរេន សំបុកត្រចៀកកាំ ក្រពើ និងមៀនស្ងួត ព្រមទាំងការបើកផ្លូវដឹកជញ្ជូនឆ្លងកាត់ព្រំដែនឡាវទៅប្រទេសចិន ដែលមានផលិតផលសរុបចំនួន៦មុខ ក្នុងនោះមានទុរេន មៀន ដំឡូងមី អង្ករ ស្វាយ និងចេក បន្ថែមពីការបើកទីផ្សារកន្លងមក ដើម្បីជួយស្រូបយកផលិតផលកសិកម្មដែលប្រជាកសិករខិតខំផលិតបាន។
គួររំលឹកដែរថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា-ឡាវ បានសម្ពោធជាផ្លូវការនៃការបើកផ្លូវដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ។ កសិផលខ្មែរទាំង៦ មុខដែលត្រូវដឹកជញ្ជូនឆ្លងកាត់ព្រំដែនឡាវទៅប្រទេសចិន មានដូចជា ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ វិស័យលកសិកម្មបានរួមចំណែកជាង១៦%នៃផលិតផលសរុបក្នុងស្រុក ជាមួយតម្លៃបន្ថែមសរុបកើនឡើងដល់ជាង ៨,៣ ពាន់លានដុល្លារ និងបាននាំចេញនូវផលិតផលកសិកម្មជិត១៥លានតោន ទៅកាន់៩៤ប្រទេសនៅទូទាំងពិភពលោក គិតជាទឹកប្រាក់ជិត ៦,៥ ពាន់លានដុល្លារ ក្នុងនោះអនុវិស័យដំណាំជាង ៥,៦ ពាន់លានដុល្លារ៕