Img 1426
Swift cc time

កម្ពុជា-អាម៉េរិក ឯកភាពគ្នាជាផ្លូវការ ដើម្បីបើកចំហជើងមេឃ«ដឹកជញ្ជូនតាមផ្លូវអាកាស»ជាលើកដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង លោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក។

អាម៉េរិក៖ កម្ពុជា និងអាម៉េរិក កាលពីថ្ងៃទី៣០ ខែមិថុនាម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ «បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។ MOU ជាផ្លូវការនេះ រៀបចំឡើងដោយមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងកម្ពុជា និងលោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ដោយបានចាត់ទុក MOU នេះ គឺជាសមិទ្ធផលដ៏សំខាន់ថ្មីបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាម៉េរិក  (U.S. International Development Finance Corporation - DFC's) អនុម័តផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានដុល្លារ ដើម្បីគាំទ្រដល់អាកាសយានដ្ឋាន ថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និង មានប្រសិទ្ធភាពដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។លោកថា កិច្ចព្រមព្រៀងបើកចំហជើងមេឃនេះនឹងបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរកម្ពុជា និងអាម៉េរិកទាំងអស់។

លោក ស៊ីន ចាន់សិរីវុត្ថាសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងអាម៉េរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង