ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយឡែករដ្ឋបើកភ្លើងខៀវឲ្យនៅតាមបណ្តាខេត្តមួយចំនួនអាចរៀបចំបានធម្មតា។ ការសម្រេចផ្អាកនេះ ដោយសាររដ្ឋាភិបាលផ្តោតលើការយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួន។
យោងតាមសេចក្តីប្រកាសបញ្ជាក់ថា រដ្ឋាភិបាលដាក់ចេញនូវវិធានការណែនាំផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តែនៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្ដែងរបស់អាជ្ញាធរនិងប្រជាពលរដ្ឋ។
រដ្ឋាភិបាលបញ្ជាក់ទៀតថា ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣(បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែលដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ១៦៧ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦៕